www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, August 29, 2023

ប្រតិភូមន្ត្រីព្រឹទ្ធសភាអាមេរិក អបអរសាទរជូន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីថ្មីកម្ពុជា និងចាត់ទុកថា ជាការបើកទំព័រថ្មីមួយឈានទៅរកការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនងកម្ពុជា-អាមេរិក

(ភ្នំពេញ)៖ លោក អាឡិច ខានស៍ (Alex Carnes) ក្រឡាបញ្ជីនៃក្រុមភាគច្រើនរបស់អនុគណ:កម្មាធិការស្តីពីប្រតិបត្តិការរបស់រដ្ឋ និងបរទេស និងកម្មវិធីពាក់ព័ន្ធនានា របស់គណ:កម្មាធិការគ្រប់គ្រង និងបែងចែកថវិកាជាតិរបស់ព្រឹទ្ធសភាអាមេរិក បានអបអរសាទរជូន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីថ្មីកម្ពុជា និងបានចាត់ទុកថា ជាការបើកទំព័រថ្មីមួយឈានទៅរកការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនងកម្ពុជា-អាមេរិក។

ការលើកឡើង​នេះ បានធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យ គណ:ប្រតិភូមន្ត្រីព្រឹទ្ធសភាអាមេរិក ដឹកនាំដោយលោក អាឡិច ខានស៍ (Alex Carnes) ចូលជួបសម្តែងការគួរសម នាល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត នាយករដ្ឋមន្រ្តី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការបំពេញទស្សនកិច្ចរបស់គណៈប្រតិភូមន្រ្តីព្រឹទ្ធសភាអាមេរិក មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលឆ្លុះបញ្ចាំងអំពីទំនាក់ទំនងល្អប្រសើររវាងកម្ពុជា-អាមេរិក។

ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិតនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់ចំពោះរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ដែលកន្លងមកនេះបានដើរតួនាទីចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍកម្ពុជា តាមរយៈការជួយដល់ដំណើរប្រជាធិបតេយ្យសេរីពហុបក្ស, ការបណ្តុះបណ្តាលធនធានមនុស្ស, ការបោសសម្អាតមីន និងការផ្តល់នូវទីផ្សារដ៏ទូលំទូលាយសម្រាប់ផលិតផលវាយនភ័ណ្ឌ និងកាត់ដេររបស់កម្ពុជា តាមរយៈប្រព័ន្ធ GSP, ការផ្ដល់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩, ការផ្តល់ជំនួយថវិកាសម្រាប់វិស័យសុខាភិបាល និងការស្តារសេដ្ឋកិច្ចឡើងវិញ។

លោក អាឡិច ខានស៍ បានសម្ដែងនូវការអបអរសាទរជូនចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាការបើកទំព័រថ្មីមួយឈានទៅរកការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនងកម្ពុជា-អាមេរិក។ លោកបានវាយតម្លៃខ្ពស់ទៅលើកិច្ចសហប្រតិបត្តិការអាមេរិក-កម្ពុជា ដែលមានចំណងការទូតដ៏យូរអង្វែងមកហើយ និងការចូលរួមរបស់សហរដ្ឋអាមេរិក តាមរយៈកម្មវិធីជំនួយអភិវឌ្ឍសង្គម, ការលើកកម្ពស់ផ្នែកសុខាភិបាល និងការអប់រំនៅកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត បានគូសបញ្ជាក់ថា កម្ពុជាបើកទ្វារចំហ និងទទួលស្វាគមន៍ជានិច្ច នូវរាល់គំនិតផ្តួចផ្តើម និង កិច្ចសហប្រតិបត្តិការនានា ដែលធ្វើឱ្យកាន់តែប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-អាមេរិក។ កម្ពុជាពិតជាចង់បានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក ដោយឈរលើមូលដ្ឋាននៃការគោរពគ្នា និងការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដោយសំលឹងទៅមុខឱ្យលើសពីផលប្រយោជន៍នយោបាយតែមួយមុខ។

ជាមួយគ្នានេះ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត បានបន្ថែមថា គណៈរដ្ឋមន្ត្រីរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ត្រៀមខ្លួនជាស្រេច ក្នុងធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងវេទិកាពហុភាគី ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រជាជាតិទាំងពីរ។ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាបន្ថែមទៅលើកិច្ចការងារមួយចំនួនទៀត ពាក់ព័ន្ធទៅនឹងការពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស, បញ្ហាសិទ្ធិមនុស្ស, សន្តិសុខ, សុវត្ថិភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ជាទីបញ្ចប់, ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានជូនពរ លោក អាឡិច ខានស៍ និង គណៈប្រតិភូមន្រ្តីព្រឹទ្ធសភាអាមេរិក ទទួលបានជោគជ័យផ្លែផ្កា នៅក្នុងដំណើរទស្សនកិច្ចនេះ និង ជូនពរដល់ការធ្វើមាតុភូមិនិវត្តន៍ទៅកាន់សហរដ្ឋអាមេរិកវិញ ប្រកបដោយសុវត្ថិភាព៕


No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages