www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Saturday, September 16, 2023

រដ្ឋមន្ត្រី ហេង សួរ៖ ការប្រគំតន្ត្រីរបស់ជប៉ុននៅមជ្ឈមណ្ឌល CJCC ជាឱកាសរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរបន្ថែមទៀត


(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានកត់សម្គាល់ឃើញថា ការប្រគំតន្ត្រីអូខេស្ត្រា (Orchestra) ដែលជាសិល្បៈតន្ត្រីរបស់ជប៉ុន នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ជាឱកាសរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន កាន់តែជិតស្និទ្ធមួយកម្រិតបន្ថែមទៀត។

ព្រឹត្តិការណ៍សិល្បៈនេះត្រូវបានប្រារព្ធឡើងនាល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងឯកឧត្តម អ៊ូអិណុ អាត់ត្សឹស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក្នុងគោលបំណងដើម្បីអបអរសាទរខួបលើកទី៧០នៃមិត្តភាពកម្ពុជា-ជប៉ុន សំដៅរឹតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរឱ្យកាន់តែស្និតស្នាល និងទាក់ទាញការចាប់អារម្មណ៍របស់ប្រជាជននិងអ្នកវិនិយោគជប៉ុនឱ្យមកទស្សនាកម្សាន្ត ធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជាកាន់តែច្រើន។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា យុវតន្ត្រីករជប៉ុនពិតជាសម្តែងបានល្អ និងបានថ្លែងអំណរគុណចំពោះគណៈប្រតិភូជប៉ុនដែលបានធ្វើដំណើរដ៏សែនឆ្ងាយ ដើម្បីមកចូលរួមក្នុងការប្រគំតន្ត្រីដ៏វិសេសវិសាលនេះ។

លោករដ្ឋមន្ត្រីក៏បានជូនពរដល់ក្រុមយុវតន្រ្តីករ និងប្រតិភូជប៉ុនសូមទទួលបាននូវសុខភាពល្អ និងរីករាយក្នុងការស្នាក់នៅព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា មកដល់ឆ្នាំ២០២៣នេះ កម្ពុជា-ជប៉ុនបានឈានដល់កម្រិតដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមួយនឹងការប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀតផងដែរ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages