www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, September 15, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញក្រុមហ៊ុន Huawei វិនិយោគផលិតសម្ភារៈគ្រឿង​បង្គំអេឡិច​ត្រូនិក និងបណ្តុះបណ្តាលផ្នែកឌីជីថល

 (ប៉េកាំង, ចិន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញ​បំណងចង់ឃើញក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន វិនិ​យោគផលិតសម្ភារៈគ្រឿងបង្គំអេឡេិចត្រូនិក និងបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាឌីជីថល​នៅ​កម្ពុជា។

បំណងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងជំនួបជាមួយលោក​ លាំង ហ័រ (Liang Hua) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei Technology Co., Ltd. នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នាទីរដ្ឋធានីប៉េកាំង ប្រទេសចិន។

ឈរលើស្មារតីកៀរគរការវិនិយោគ ដើម្បីជំរុញសេដ្ឋកិច្ចជាតិ និងការងារជូនប្រជាពលរដ្ឋនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រោយពេលអញ្ជើញដល់ប្រទេសចិនភ្លាម មិនបានបង្អែ​បង្អង់​នោះ​ឡើយទោះបីចំណាយពេលលើយន្តហោះច្រើនម៉ោងយ៉ាងណាក្តី សម្តេចធិបតី បានជួប​ជា​​មួយនឹងក្រុមវិនិយោគធំៗរបស់ចិនជាបន្តបន្ទាប់។ ក្រុមហ៊ុនវិនិយោគធំៗរបស់ចិនចំនួន៤ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត ជួបជាបន្តបន្ទាប់។ ក្នុងនោះមានក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បាញល្បីមួយរបស់ចិនផងដែរ។

នៅក្នុងជំនួបនោះ លោក​ លាំង ហ័រ បានថ្លែងអំណរគុណសម្ដេចធិបតី ដែលអនុញ្ញាតឱ្យ​រូប​លោក និងគណៈប្រតិភូ​ក្រុម​ហ៊ុន បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោក លាំង ហ័រ ​​ក៏បាន​អបអរ​សា​ទរ​ជូនសម្ដេចធិបតី ​ត្រូវបានប្រជាពលរដ្ឋ និងរដ្ឋសភា បោះឆ្នោតគាំទ្រជានាយករដ្ឋមន្ត្រីនីតិកាលទី៧ នៃរដ្ឋសភា​។

ប្រធានក្រុមហ៊ុនរូបនេះ ក៏បានអរគុណសម្ដេចធិបតី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា តែងតែយក​ចិត្តទុកដាក់ និងគាំទ្រក្រុមហ៊ុន Huawei។ លោក​ ​លាំង ហ័រ ក៏​បាន​គោរពរាយការណ៍ជូន​សម្ដេច​ធិបតី​ អំពីសមិទ្ធផលជាច្រើនដែលក្រុមហ៊ុន Huawei បានសហការជាមួយ​ក្រុមហ៊ុន និងដៃគូនានា នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈ​ពេល​ ២៥​ឆ្នាំ​កន្លងមកនេះ ក្នុងការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ប្រព័ន្ធទូរគមនាគមន៍ និងប្រព័ន្ធឆ្លាតវៃ។​

សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានស្វាគមន៍​យ៉ាងកក់ក្តៅចំពោះ លោក លាំង ហ័រ និងគណៈ​ប្រតិភូ​ក្រុមហ៊ុន និង​បានថ្លែងអំណរគុណចំពោះ​ក្រុមហ៊ុន Huawei ដែល​សហការ​ជាមួយ​ក្រសួង ស្ថាប័នពាក់ព័ន្ធ ជួយកសាង និង​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ និ​ងបាន​ជួយអភិវឌ្ឍវិស័យទូរគមនាគមន៍នេះ ក្នុង​រយៈពេល​ជា​ង២ទសវត្សរ៍​មក​​នោះ។

សម្ដេចអធិបតី​ សង្ឃឹមថាក្រុមហ៊ុន Huawei នឹងបន្តនាំចូលបច្ចេកវិទ្យាថ្មីៗ និងទំនើបពី​ប្រ​ទេ​ស​​ចិន មកកាន់​កម្ពុជា និងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សា​គោលនយោ​បាយ​នៃទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការល្អ​រវាងកម្ពុជា-ចិន និងបន្តគាំទ្រសម្របសម្រួល និង​លើកទឹកចិត្តឱ្យ​មានការវិនិយោគកាន់តែច្រើនមកកម្ពុជា។ សម្ដេចអធិបតី ក៏បានបញ្ជាក់​អំពី​សារៈសំខាន់នៃ​សុខសន្ដិភាព និង​ស្ថិរភាពនយោបាយនៅកម្ពុជា ដែលជាមូលដ្ឋានគ្រឹះ​នៃ​ការ​បង្កើន​ទំនុកចិត្តដល់វិនិយោគិន​នៅកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា ការអភិវឌ្ឍលើហេដ្ឋារចនា​សម្ព័ន្ធ​ឌីជីថល​ គឺ​មានសារៈសំខាន់ណាស់ ដែល​ទាម​ទារ​ឱ្យ​រាជរដ្ឋាភិបាល និងវិស័យឯកជន​ធ្វើការ​រួម​គ្នានៅ​ក្នុង​ការអភិវឌ្ឍវិស័យនេះឱ្យ​កាន់តែរីកចម្រើនថែមទៀត។ សម្តេចធិបតី បាន​​ស្វា​គមន៍ក្រុមហ៊ុន Huawei ចំពោះ​ការវិនិយោគលើ​បច្ចេកវិទ្យាថ្មីៗ និង​ការ​វិនិយោគ​លើ​ការ​អភិវឌ្ឍ​​ហេដ្ឋារចនា​សម្ព័ន្ធ​ឌីជីថល។ សម្ដេចអធិបតី ក៏បានលើកទឹកចិត្តឱ្យ​ក្រុមហ៊ុន Huawei ពិនិត្យលទ្ធភាព​វិនិ​យោគលើវិស័យផ្សេងៗទៀត​ ដូចជា​ការវិនិយោគ​ការផលិត​សម្ភារ​គ្រឿង​បង្គុំ​អេឡិក​​ត្រូនិកជា​ដើម។

សម្ដេចធិបតី និង​​លោក​ លាំង ហ័រ ក៏​បានពិភាក្សា​អំពីការ​បណ្ដុះបណ្ដាលធនធានមនុស្ស​លើ​ជំនាញឌីជីថល ដោយក្រុមហ៊ុន Huawei បានបង្ហាញចំណាប់អារម្មណ៍លើ​ការ​បណ្ដុះ​បណ្ដាល​​ជំនាញនេះ ដោយចាប់ផ្តើម​ពីកម្រិតបឋមសិក្សា​​ រហូត​ដល់កម្រិត​សាកល​វិទ្យាល័យ ​​។ ​កន្លង​មកនេះ ​ក្រុមហ៊ុន​ Huawei ក៏​បាន​សហការ​ជាមួយ​ដៃគូនៅតាមសាកលវិទ្យាល័យ​មួយចំនួននៅកម្ពុជា​ ​លើការងារបណ្ដុះបណ្ដាលធនធានមនុស្សលើ​វិស័យ​ឌីជីថលផងដែរ​។

សម្តេចធិបតី បានគូសបញ្ជាក់ជាថ្មីនូវជំហរស្វាគមន៍ និងការគាំទ្ររបស់រាជរដ្ឋាភិបាល ចំពោះ​ដំណើរការអាជីវកម្ម និងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ដែលស្របតាមតម្រូវ​ការសង្គម​សេដ្ឋ​កិច្ចរបស់កម្ពុជា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages