www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Saturday, October 7, 2023

ឯកឧត្តម ហេង សួរ ជួបពិភាក្សាការងារជាមួយ ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយ លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា និងគណៈប្រតិភូ នៅទីស្តីការក្រសួង។

ក្នុងកិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាល ឯកឧត្តមរដ្ឋមន្ត្រី និងសហព័ន្ធសេវាអប់រំនៅកម្ពុជា បានពិភាក្សាយ៉ាងផុលផុសស្តីពីចក្ខុវិស័យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើការបណ្តុះបណ្តាលជំនាញបច្ចេកទេសដែលកំពុងក្លាយជាប្រធានបទចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋមន្ត្រី បានពន្យល់ពីការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ តាមរយៈសាលាបណ្តុះបណ្តាលរបស់ក្រសួង បាននិងកំពុងបណ្តុះបណ្តាលដល់យុវជន និងសិស្សានុសិស្ស ដើម្បីបំពេញតម្រូវការរបស់ទីផ្សារការងារដ៏ទូលំទូលាយនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានកត់សម្គាល់ជូនគណៈប្រតិភូ ពីសារៈសំខាន់នៃការបណ្តុះបណ្តាលជំនាញកម្រិតបច្ចេកទេសទៅដល់ប្រជាពលរដ្ឋពេញកម្លាំងក្នុងទីផ្សារដែលមានស្រាប់ និងកម្លាំងយុវជនដែលត្រៀមនឹងចូលបម្រើក្នុងទីផ្សារការងារដែលកំពុងមានតម្រូវការខ្ពស់។

ក្រោយស្តាប់ការបង្ហាញពីចក្ខុវិស័យក្រសួងរួចមក ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា លោក គង់ សំនៀង បានប្រកាសចង់ចូលរួមជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្តល់ជម្រើសថ្មីបន្ថែមដល់សិស្សានុសិស្ស ឬយុវជនកម្ពុជាលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសនេះដោយបន្ថែមលើសេវាកម្មអប់រំរបស់ខ្លួនដែលមានស្រាប់។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រ និងស្វាគមន៍ចំពោះបំណងរបស់វិស័យឯកជនក្នុងការចូលរួមគាំទ្រការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដើម្បីផ្តល់ជម្រើសបន្ថែមដល់សិស្សានុសិស្សទៅតាមឧបនិស្ស័យ និងជាការជួយជ្រោមជ្រែងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតីជាប្រមុខ ដើម្បីពង្រឹងវិស័យការងារ បង្កើតឱកាសការងារប្រកបដោយភាពទាក់ទាញ និងផលិតភាពខ្ពស់ក្នុងគោលបំណងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដែលជាការយកចិត្តទុកដាក់ជាអាទិភាព។ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់ពលរដ្ឋកម្ពុជាដែលពេញកម្លាំងក្នុងទីផ្សារ និងត្រៀមចូលទីផ្សារការងារ គឺជាសសរស្តម្ភដ៏សំខាន់មួយ ដើម្បីបំពេញចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសអ្នកមាននៅឆ្នាំ២០៥០។

យ៉ាងណាក៏ដោយ មុននឹងបញ្ចប់ភាគីទាំងពីរ បានប្រកាសជួយគាំទ្រគ្នានិងពង្រឹងកិច្ចសហការឱ្យកាន់តែប្រសើរឡើងដើម្បីឱ្យវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាឱ្យមានភាពល្អប្រសើរឡើង ដើម្បីវឌ្ឍនភាព និងការរីកចម្រើនរបស់សង្គមជាតិ៕ សម្រួលផ្សាយ៖ ដារ៉ា, ប្រភព៖ ក្រសួងការងារ

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages