www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, October 6, 2023

ក្រសួងទេសចរណ៍ ពិភាក្សាជាមួយផ្នែកឯកជននៅខេត្តសៀមរាប ដើម្បីប្រមូលធាតុចូល និងដំណោះស្រាយរួម ចំពោះវិស័យទេសចរណ៍ជាតិ

(សៀមរាប)៖ ក្រសួងទេសចរណ៍ បានរៀបចំកិច្ចពិភាក្សាការងារជាមួយផ្នែកឯកជន ក្នុងវិស័យទេសចរណ៍ខេត្តសៀមរាប ដើម្បីប្រមូលធាតុចូលអំពីបញ្ហា ប្រឈម និងសំណូមពររបស់ប្រតិបត្តិករទេសចរណ៍ ក៏ដូចជាតម្រូវការជាក់ស្ដែងរបស់ទេសចរជាតិ និងអន្តរជាតិ ធ្វើយ៉ាងណារិះរកវិធីសាស្រ្ត និងដំណោះស្រាយរួមគ្នា ចំពោះវិស័យទេសចរណ៍ជាតិ។

សកម្មភាពនេះ ក៏ធ្វើឡើងដើម្បីរួមគ្នារៀបចំជារបាយការណ៍លម្អិតដាក់ ជូនប្រមុខរាជរដ្ឋាភិបាល នាឱកាសវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលនឹងប្រព្រឹត្តទៅនាខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ។

កិច្ចពិភាក្សាការងារនៅខេត្តសៀមរាបនេះដែរគឺធ្វើឡើងនាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការចូលរួមពីលោកអភិបាលរងខេត្តសៀមរាប ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ សមាគមឧស្សាហកម្មទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ ក្នុងខេត្តសៀមរាបសរុបប្រមាណជាង២៥០រូប។

លោករដ្ឋមន្ត្រីបានឱ្យដឹងថា រាជរដ្ឋាភិបាលបានដាក់ចេញយន្តការឆ្លើយតប រាល់តម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់វិស័យទេសចរណ៍កម្ពុជា ពិសេសគឺបានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្រ្ត និងវិធានការអន្តរាគមន៍សំខាន់ៗ សំដៅស្ដារកំណើនទេសចរណ៍កម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩។

លោករដ្ឋមន្ត្រីបានជម្រាបជូនអង្គពិធីពីការដាក់ឱ្យអនុវត្តគំនិតផ្ដួចផ្ដើមយុទ្ធសាស្ត្ររួម ក្នុងការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ការប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ដោយផ្ដោតលើសសរស្ដម្ភយុទ្ធសាស្ត្រ ទាំង៥ ហៅកាត់ថា “បង្កើន៥-BUILD” និងការងារគាំទ្រអាទិភាពចំនួន៣ ហៅកាត់ថា “អភិវឌ្ឍន៍៣ -3Ds”។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសារៈសំខាន់ និងភាពចាំបាច់នៃភាពជាដៃគូ រដ្ឋ-ឯកជន-ប្រជាពលរដ្ឋ-ដៃគូអភិវឌ្ឍន៍ (4Ps) ក្នុងការរួបរួមគ្នាពង្រឹងការអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងបរិបទនៃស្ថានភាពប្រឈមផ្នែកសេដ្ឋកិច្ច ភូមិសាស្រ្តនយោបាយ និងការធ្វើដំណើរជាអន្តរជាតិរបស់ទេសចរ។

អង្គពិធីបានប្រមូលធាតុចូលអំពីបញ្ហា ប្រឈម និងសំណូមពររបស់ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាប ក៏ដូចជាតម្រូវការជាក់ស្ដែងរបស់ទេសចរជាតិ និងអន្តរជាតិ ដើម្បីរិះរកវិធីសាស្រ្ត និងដំណោះស្រាយរួមគ្នា និងឈានទៅរៀបចំជារបាយការណ៍លម្អិតដាក់ ជូនរាជរដ្ឋាភិបាលនាឱកាសវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ។

ទន្ទឹមនេះ តំណាងស្ថាប័នពាក់ព័ន្ធក៏បានចូលរួមមតិយោបល់ ជាធាតុចូលសំខាន់ៗ គាំទ្រដល់ការពង្រឹងការអភិវឌ្ឍផលិតផលទេសចរណ៍ ការផ្សព្វផ្សាយទេសចរណ៍ និងគុណភាពទេសចរណ៍។

លោករដ្ឋមន្រ្តី អង្គភាពពាក់ព័ន្ធ សមាគមឧស្សាហកម្មទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ បានប្តេជ្ញាចិត្តរួមគ្នាបង្កើនកិច្ចសហការបន្ថែម ដើម្បីជំរុញភាពប្រកួតប្រជែង និរន្តរភាព និងបរិយាបន្ននៃវិស័យទេសចរណ៍ខេត្តសៀមរាប ពិសេសចូលរួមផ្សព្វផ្សាយរួមគ្នា ក្នុងនាមខ្មែរតែមួយសម្រាប់វិស័យទេសចរណ៍កម្ពុជា៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages