www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, December 26, 2025

អ្នកកាសែតជើងចាស់ថៃ លោក Pravit Rojanaphruk ថា យោធាកំពុង «ស្រវឹងសង្គ្រាម» ដូចមនុស្សឆ្កួតហើយថា ឱ្យទៅឈ្លោះជាមួយសិង្ហបុរីផង កុំឈ្លោះតែជាមួយកម្ពុជា

(បាងកក)៖ តាមរយៈសំណេររបស់លោក Pravit Rojanaphruk អ្នកកាសែតជើងចាស់ថៃ បានរៀបរាប់លើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ដោយលោកមិនបានខ្វល់នឹងកំហឹងជាតិនិយមអ្វីទេ តែលោកចង់បង្ហាញអារម្មណ៍មួយ ដែលគួរតែមានសន្តិភាពសម្រាប់ប្រទេសជាមិត្តជាប់របង។ ខាងក្រោមនេះជាសេចក្តីប្រែសម្រួលពីអ្នកកាសែតចាស់វស្សាថៃ៖

នេះហើយគឺជាសភាពនៃសង្គមថៃ នៅពេលដែលកំពុង «ស្រវឹងសង្គ្រាម»!

កាលខ្ញុំនៅក្មេង រៀននៅសាលាក្នុងទីក្រុងបាងកក យើងត្រូវបានគេបង្រៀនថា ភូមាបានវាយប្រហារក្រុងអយុធ្យា ហើយថែមទាំងដុតបំផ្លាញវត្តអារាមព្រះពុទ្ធសាសនាទៀតផង។ កាលនោះ ខ្ញុំមិនអាចស្រមៃបានទេថា ហេតុអ្វីបានជាពួក គេធ្វើបែបនោះ ហើយខ្ញុំតែងតែឆ្ងល់ថា តើវាអាចទៅរួចដែរឬទេ ក្នុងនាមជាអ្នកកាន់ព្រះពុទ្ធសាសនាដូចគ្នា?

លុះក្រោយមក នៅពេលដែលខ្ញុំបានដឹងអំពីព្រឹត្តិការណ៍ដែលទាហានថៃបានវាយកម្ទេចរូបសំណាកព្រះវិស្ណុដ៏ធំសម្បើម ដែលកម្ពុជាបានកសាងឡើង ដោយភាគីថៃអះអាងថា បានសាងសង់រំលោភចូលទឹកដីថៃ ទើបខ្ញុំចាប់ផ្តើមយល់ថា អំពើស្រវឹងសង្គ្រាមបានធ្វើឱ្យយើងក្លាយជាមនុស្សឆ្កួត ហើយសង្គមរបស់យើង ក៏លែងដឹងខ្លួន និងលែងខ្វល់ខ្វាយថា តើពិភពលោកមើលមកយើងក្នុងក្រសែភ្នែកបែបណានោះដែរ។

វាប្រៀបដូចជាមនុស្សម្នាក់ដែលស្រវឹងជោគជាំ ដើរទ្រេតទ្រោត និយាយមិនដឹងអី (ដោយលើកលេសផ្សេងៗជុំវិញការកម្ទេចរូបសំណាកនិមិត្តសាសនានោះ)។ ព្រោះមិនថាជារូបសំណាកចាស់ ឬថ្មី ឆ្លងកាត់ពិធីប្រសិទ្ធីរួចឬនៅ ឬបានចុះបញ្ជីឬអត់នោះទេ ការប្រើគ្រឿងចក្រធុនធ្ងន់ទៅវាយកម្ទេចបែបនោះ គឺចៀសមិនផុតពីការធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ប្រជាជនឥណ្ឌា និងអ្នកដែលគោរពសាសនា ហិណ្ឌូនោះឡើយ។


ជាឧទាហរណ៍៖ ប្រសិនបើមានប្រទេសណាមួយ ប្រើវិធីសាស្ត្រស្រដៀងគ្នានេះ ដើម្បីទៅផ្តួលរំលំរូបសំណាកព្រះពុទ្ធដ៏ធំនៅបរទេស ហើយលើកលេសដូចគ្នាថា រូបសំណាកនោះមិនទាន់ប្រសិទ្ធី មិនមែនជាវត្ថុបុរាណ ឬមិនទាន់ចុះបញ្ជី... នោះអ្នកកាន់ព្រះពុទ្ធសាសនាថៃប្រាកដជាផ្ទុះកំហឹងជាមិនខាន។ អ្វីដែលសំខាន់បំផុត គឺ "និមិត្តរូប" ដែលត្រូវបានគេប្រមាថ។ សូម្បីតែពេលដែលជនជាតិបស្ចិមប្រទេស យករូបសំណាកព្រះពុទ្ធក្លែងក្លាយ ទៅដាក់តុបតែងក្នុងហាងស្រា (Pub) ក៏ជនជាតិថៃមួយចំនួនខឹងសម្បារបាត់ទៅហើយ ទោះបីជារូបទាំងនោះមិនមែនជាវត្ថុបុរាណក៏ដោយ។

គ្រាន់តែមើលរូបភាពទាំងនេះចុះ អ្នកនឹងឃើញថា តើប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានចុះផ្សាយព័ត៌មាននេះទូលំទូលាយកម្រិតណា។

បញ្ជាក់៖ ខ្ញុំចង់ប្រាប់ទៅក្រុមថៃជ្រុលនិយមថា គួរតែនាំគ្នាទៅតវ៉ាជាមួយប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរីផងទៅ

បើអ្នកឯងពូកែខាងបង្កើតសត្រូវជាមួយប្រទេសជិតខាងម្ល៉ឹងៗនោះ។ បង្កើតសត្រូវម្នាក់ទៀតទៅ ហើយកុំខ្វល់ពីពិភពលោក ឬទំនាក់ទំនងជាមួយរដ្ឋ និងប្រជាជនបរទេសអី។ កាលពីម្សិលមិញ កាសែត The Straits Times ដែលជាកាសែតរដ្ឋរបស់សិង្ហបុរី បានចុះផ្សាយចំណងជើងថា បន្ទាប់ពីឆែកមើលលើ Google Maps រូបសំណាកដែលត្រូវគេវាយចោលនោះ គឺស្ថិតនៅចម្ងាយ ៤០០ ម៉ែត្រពីព្រំដែនថៃ-កម្ពុជា ប៉ុន្តែ គឺស្ថិតនៅក្នុងដីកម្ពុជា។ ទៅចាត់ការជាមួយសិង្ហបុរីទៅ ដើម្បីបង្ហាញថាពួកអ្នកឯងកំពុង "ស្រវឹងសង្គ្រាម"។

ហើយកុំភ្លេចនាំគ្នាទៅវាយប្រហារលើ Google Maps ផងណា៎!

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages