កំពង់ឆ្នាំង÷នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ លោក ហ៊ីង ភ័ព្វមិនា អភិបាលក្រុងកំពង់ឆ្នាំង បានអញ្ជើញចូលរួមក្នុង «វេទិកាអភិបាលក្រុងនៃអង្គការសហប្រជាជាតិ លើកទី៦» ដែលប្រារព្ធធ្វើឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ការចូលរួមនេះ គឺដើម្បីបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងចក្ខុវិស័យរបស់រដ្ឋបាលក្រុងក្នុងការអភិវឌ្ឍមូលដ្ឋានឆ្ពោះទៅរកភាពរីកចម្រើនប្រកបដោយចីរភាព។
វេទិកាអន្តរជាតិដ៏មានសារៈសំខាន់នេះ បានផ្ដោតការពិភាក្សាជាចម្បងលើការជំរុញការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១១ (SDG 11) របស់អង្គការសហប្រជាជាតិការកាត់បន្ថយផលប៉ះពាល់បរិស្ថានក្នុងតំបន់ទីក្រុង តាមរយៈការកែលម្អគុណភាពខ្យល់
ប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់រឹង-រាវការពង្រីកការផ្តល់ទីធ្លាសាធារណៈបៃតង ដែលមានសុវត្ថិភាព និងបរិយាបន្នសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។
គំនិតផ្តួចផ្តើមទាំងនេះ គឺជួយគាំទ្រយ៉ាងសំខាន់ដល់ថ្នាក់ដឹកនាំទីក្រុងក្នុងការកសាង «ទីក្រុងបៃតង» មួយដែលមានអនាម័យល្អ សុវត្ថិភាព និងមានភាពធន់ទៅនឹងបញ្ហាប្រឈមផ្សេងៗជាពិសេសនៅក្នុងវេទិកានោះ លោកអភិបាលក្រុង បានលើកឡើង និងចែករំលែកពីបទពិសោធន៍នៃការអភិវឌ្ឍទីក្រុងផ្ដោតលើចីរភាព តាមរយៈការផ្តល់ជូននូវប្រព័ន្ធដឹកជញ្ជូនដែលមានសុវត្ថិភាព។
ក្នុងនោះ គំនិតផ្តួចផ្តើមដ៏លេចធ្លោមួយដែលទទួលបានការចាប់អារម្មណ៍ គឺការបង្កើត «សួនអប់រំសុវត្ថិភាពចរាចរណ៍» ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលបង្កើតឡើងក្នុងគោលបំណងបណ្តុះបណ្តាល និងអប់រំសិស្សានុសិស្ស ក៏ដូចជាយុវជន ឱ្យយល់ដឹងកាន់តែច្បាស់អំពីច្បាប់ចរាចរណ៍ ការពាក់មួកសុវត្ថិភាព និងការអនុវត្តវប្បធម៌បើកបរដោយសុវត្ថិភាពនៅលើដងផ្លូវការចូលរួមរបស់ថ្នាក់ដឹកនាំរដ្ឋបាលក្រុងកំពង់ឆ្នាំងក្នុងវេទិកាថ្នាក់អន្តរជាតិនេះ គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា ក្នុងការចូលរួមចំណែកជាមួយសហគមន៍អន្តរជាតិ ដើម្បីកសាងសហគមន៍ទីក្រុងមួយដែលមានភាពសុខដុមរមនា បៃតង និងមានអនាគតដ៏ល្អប្រសើរសម្រាប់យុវជនជំនាន់ក្រោយ។





















No comments:
Post a Comment