www.k-santepheaptgaynis.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, October 23, 2026

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញមន្ត្រីឱ្យរក្សាស្មារតី ខ្មែរខ្លាំង និងពង្រឹងគុណាធិបតេយ្យ ក្នុងរដ្ឋបាលសាធារណៈ

 


(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានដាស់តឿន និងជំរុញដល់មន្ត្រីជំនាន់ក្រោយ ឱ្យពង្រឹងស្មារតីទទួលខុសត្រូវខ្ពស់ រក្សាអត្តសញ្ញាណជាខ្មែរខ្លាំង និងត្រូវប្រឹងប្រែងកសាងជំនឿទុកចិត្តពីប្រជាពលរដ្ឋឱ្យបានជាប់ជាប្រចាំ។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាស លោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជាវាគ្មិនផ្តល់បទឧទ្ទេសនាម ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ដល់សិក្ខាកាមជាមន្ត្រីគណបក្ស សរុបចំនួន ១៥២រូប ក្នុងវគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា កម្រិត២ ជំនាន់ទី២៨ នៅវិមាន៧មករា នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ។

ថ្លែងក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានរំលឹកពីការលះបង់ដ៏ធំធេងរបស់ថ្នាក់ដឹកនាំជំនាន់មុន ដែលបានស្រោចស្រង់ និងកសាងជាតិពីចំណុចសូន្យ ក្រោយរបបប្រល័យពូជសាសន៍ ជាពិសេសការប្រមូលផ្តុំធនធានបញ្ញវ័ន្តដែលនៅសេសសល់ ដើម្បីរៀបចំប្រព័ន្ធរដ្ឋបាលសាធារណៈឡើងវិញ និងការស្វែងរកសន្តិភាពតាមរយៈ «នយោបាយ ឈ្នះ-ឈ្នះ» របស់ សម្តេចតេជោ។ លោកបានសង្កត់ធ្ងន់ថា អ្នកជំនាន់ក្រោយកំពុងឈានចូលមកដល់ដំណាក់កាលមួយ ដែលត្រូវប្រឈមនឹងឧបសគ្គស្មុគស្មាញជាងមុន ក្នុងការអភិវឌ្ឍប្រទេសជាតិ និងការធ្វើទំនើបកម្មប្រព័ន្ធរដ្ឋបាល។

ពាក់ព័ន្ធនឹងប្រធានបទនៃបទឧទ្ទេសនាម លោកបានផ្តោតជាសំខាន់លើការងារកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ការកែទម្រង់នេះ ធ្វើឡើងតាមរយៈការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលដឹកនាំដោយក្រសួងមុខងារសាធារណៈ ដោយគ្របដណ្តប់លើចំណុចសំខាន់ៗចំនួន៣ រួមមាន៖ ១៖ ប្រវត្តិនៃការកកើតស្ថាប័នមុខងារសាធារណៈ ២៖ ប្រតិបត្តិការងារប្រចាំថ្ងៃរបស់ក្រសួង និង៣៖ ជំហាននៃការងារកែទម្រង់រដ្ឋបាលសាធារណៈ។

មុនបញ្ចប់ ឧបនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ដែលមកពីបណ្តាក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងយុវជនគណបក្ស ឱ្យប្រែក្លាយចំណេះដឹងទាំងនេះទៅជាការអនុវត្តជាក់ស្តែង ដោយបញ្ជាក់ថា ក្នុងនាមជាកម្មាភិបាល យើងត្រូវតែពង្រឹងទំនួលខុសត្រូវ ដើម្បីអនាគតរបស់ប្រទេសជាតិ និងបុព្វហេតុដ៏ត្រចះត្រចង់របស់គណបក្ស។ នេះគឺជាអម្រែក និងការលះបង់ដ៏មានតម្លៃ ក្នុងការបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវ និងរក្សាឱ្យបាននូវអត្តសញ្ញាណជាខ្មែរខ្លាំង។ លោកបានបន្ថែមថា ជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ មិនមែនកើតឡើងដោយឯកឯងនោះទេ តែទាមទារឱ្យមន្ត្រីគ្រប់រូបកសាងជាប្រចាំ និងថែរក្សាឱ្យបានគង់វង្សយូរអង្វែង៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages