ខេត្តកំពង់ឆ្នាំង នៅសាលាស្រុករលាប្អៀរនា ព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៦ មានរៀបចំពិធីប្រកាសតែងតាំងអភិបាលនៃគណៈអភិបាលរងស្រុក នាយករដ្ឋបាលស្រុក និងស្មៀនឃុំ ក្រោមអធិបតីភាព លោក យ៉ង់ ភារម្យ អភិបាលរង ខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ សាលាស្រុក លោកមេឃុំនិងស្មៀនឃុំ ជាច្រើនរូបទៀត។
លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ មានប្រសាសន៍រាយការណ៍អំពីសកម្មភាពរបស់មន្ត្រី រដ្ឋបាលស្រុក ក្នុងការយកចិត្តទុកដាក់ បំពេញតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់តាម បណ្តាអង្គភាពគ្រប់ស្ថាប័ន ។បច្ចុប្បន្នបានគ្រប់គ្រងនិងថែរក្សាសន្តិសុខ និងសុវត្ថិភាពនយោបាយ នៅក្នុងស្រុកទាំងមូល បានល្អប្រសើរ។ តាមរយៈការពង្រឹងកម្មវិធីយុទ្ធសាស្ត្រ បច្ចកោណដំណាក់កាលទីមួយ របស់រាជរដ្ឋាភិបាលដែលមានសម្ដេច អគ្គមហា បវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ និងតាមរយៈការការចង្អុលបង្ហាញដោយផ្ទាល់ពីឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការឯកភាពខេត្ត ស្រុក គ្រប់បណ្ដា ឃុំ ភូមិ និងប្រជាការពារ យ៉ាងសស្រាក់ សរស្រាំ ក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព នៅមូលដ្ឋានក៏ដូចជាសុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ ប្រតិភូថ្នាក់ដឹកនាំ ដែលបានឆ្លងកាត់និងស្នាក់នៅប្រកបដោយសុខ សុវត្ថិភាព ព្រមទាំងម្ចាស់ការ អនុវត្តយ៉ាងសកម្មនិងជាបន្តបន្ទាប់ ក្នុងការទប់ស្កាត់ ចោរកម្ម ក្មេងទំនើង និងបទល្មើសផ្សេងៗក្នុងស្រុកទទួលបានលទ្ធផល សន្តិសុខសុវត្ថិភាពល្អប្រសើរ។
លោក យ៉ង់ ភីរម្យ អភិបាលរងខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថា កន្លងមកអាជ្ញាធរខេត្តបានយកចិត្តទុកដាក់ ដល់ជនភាសឹក ក្នុងការវិលត្រឡប់មកកាន់ស្រុកកំណើត ចាប់តាំងពីដើមទីរហូតជូនពួកគាត់ដល់លំនៅដ្ឋាន ព្រមទាំងឧបត្ថម្ភជាស្បៀងនិងសម្ភារៈជាបន្តបន្ទាប់ ។ជាមួយគ្នានេះអាជ្ញាធរខេត្តក៏បានយកចិត្តទុកដាក់ដល់គ្រួសារវីរៈកងទ័ពនៅសមរភូមិមុខ នឹងបានរួមចំណែកគៀងគរសម្ភារៈថវិកាពីសប្បុរសជននានាឧបត្ថម្ភដល់វីរៈកងទ័ពសមរភូមិមុខជាបន្តបន្ទាប់។
ថ្ងៃនេះយើងបានប្រកាសតែងតាំងអភិបាលរងស្រុកមួយរូប នាយករដ្ឋបាលស្រុកមួយរូប និងស្មៀនឃុំពង្រ មួយរូប ហេតុនេះសូមលោក លោកស្រី ដែលត្រូវបានប្រកាសចូលកាន់តំណែងថ្មី ត្រូវរួមចិត្តរួមគំនិត ខិតខំបំពេញតួនាទីភារកិច្ច បើជាអភិបាលរងស្រុក ជានាយករដ្ឋបាលស្រុក ត្រូវស្ដាប់ការណែនាំចង្អុលបង្ហាញពី លោកអភិបាលស្រុក ស្មៀនឃុំត្រូវស្ដាប់លោកមេឃុំ។ សូមធ្វើយ៉ាងណាកុំឱ្យមានពាក្យថាស្មៀនឃុំធំជាងលោកមេឃុំ ដោយសារតែលោកមេឃុំចុះហត្ថលេខា ហើយតែស្មៀនមិនមិនបោះត្រា ឬ កិក កុក រកលាបសក្ការៈជាដើម ។សូមចាំថាអង្គភាពមួយឬស្ថាប័នមួយដែលទទួលជោគជ័យទៅបាន គឺអាស្រ័យដោយស្ដាប់តាមការណែនាំចង្អុលបង្ហាញពីថ្នាក់ដឹកនាំនិងអនុវត្តប្រកបដោយការទទួលខុសត្រូវ។
ជាចុងក្រោយសូមបណ្ដាអង្គភាពមានរដ្ឋបាលស្រុក តាមបណ្ដាឃុំគ្រប់ឃុំ ត្រូវយកចិត្តទុកដាក់កែលម្អនិងអភិវឌ្ឍនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អ កុំកាលពី ១០ឆ្នាំមុននៅប៉ុណ្ណឹង ១០ ឆ្នាំក្រោយក៏នៅតែប៉ុណ្ណឹង គ្មានការអភិវឌ្ឍគ្មានការរីកចម្រើន កន្លែងខ្លះរកតែបន្ទប់ទឹក ទីជម្រកសមរម្យ សម្រាប់ប្រជាពលរដ្ឋមកទទួលសេវាសាធារណៈ មិនបាន ។តាមប្រដាឃុំត្រូវតែមានបន្ទប់ទឹកស្អាត មាន ទីកន្លែង ឬ ដើមឈើសម្រាប់ទីជម្រក ជូនប្រជាពលរដ្ឋដែលមកទទួលសេវាសាធារណៈ៕













No comments:
Post a Comment